យើងខ្ញុំ ទាំងអស់គ្នា ជាសមាជិក សមាជិកា នៃគេហទំព័រ ធី វី ធី ញូស៍ សូមប្រកាសជាឱឡារិកគាំទ្រយ៉ាងពេញទំហឹងដោយឥតងាករេ ចំពោះបទបញ្ជាលេខ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពី “ ការដាក់ចេញនូវវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ’’ ។
ការដាក់ចេញនូវបទបញ្ជាលេខ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា គឺជាគំនិតប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុត និងមានទស្សនវិស័យវែងឆ្ងាយ របស់ សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាពនៃការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ដែលជាអាទិភាពនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អ នៅក្នុងស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំងក្នុងជួរកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល ស្របតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី គឺត្រូវសម្អាតផ្ទះរបស់យើងឱ្យមានពន្លឺជាមុន ដោយត្រូវចាត់វិធានការបញ្ចប់មុខដំណែង និងបណ្ដេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬពាក់ព័ន្ធ នឹង គ្រឿងញៀនខុសច្បាប់ស្របតានទិសស្លោក “រួមទាំងអស់គ្នា ដើម្បីកម្ពុជា គ្មានគ្រឿងញៀន” ។
ជាថ្មីម្ដងទៀតយើងខ្ញុំ ទាំងអស់គ្នា សូមប្រកាសជាឱឡារិកគាំទ្រយ៉ាងពេញទំហឹងដោយមិនងាករេ ចំពោះការដាក់ចេញនូវបទបញ្ជាលេខ០១ បប របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងប្ដេជ្ញាអនុវត្តបទបញ្ជានេះ ឱ្យបានម៉ឺងម៉ាត់បំផុត ប្រកបដោយប្រសិទ្ធភាពខ្ពស់៕